សិក្ខាសាលាស្តីពី«បញ្ហាការកត់សូរភាសាបរទេសជាអក្សរខ្មែរនិងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ» ថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩

 បច្ចុប្បន្នជាសម័យសកលភាវូបនីយកម្ម វប្បធម៌បរទេសសាបព្រោះគ្មានដែនកំណត់ ភាសានិងអក្សររបស់ជាតិសាសន៍នីមួយៗសុទ្ធតែមានសារៈសំខាន់ មិនថាប្រទេសតូចឬធំ។ កាលណាភាសានិងអក្សរបស់គេរីកសាយ ភាយទៅកន្លែងណា ឥទ្ធិពលនៃវប្បធម៌ប្រពៃណីរបស់គេក៏ផ្សព្វផ្សាយបានទូលំទូលាយនៅទីនោះដែរ។ ប្រសិនបើវិស័យភាសានេះទន់ខ្សោយ ខ្វះពាក្យប្រើ ការប្រើប្រាស់មិនឯកភាពគ្នា នោះការផ្សព្វផ្សាយវប្បធម៌ប្រពៃណីជាតិក៏មិនបានទូលំទូលាយ ហើយវប្បធម៌ប្រពៃណីជាតិក៏ចុះទន់ ខ្សោយ និងអាចប្រឈមនឹងការបាត់បង់។​
 ជាការពិត យើងមានភាសានិងអក្សររបស់យើងហើយ តែក្នុងករណីចាំបាច់ខ្លះ យើងក៏ត្រូវការប្រើភាសានិងអក្សរបរទេសផងដែរ។ ជាក់ស្ដែង យើងប្រើអក្សរឡាតាំងដើម្បីសរសេរឈ្មោះភូមិ ឃុំ ស្រុក ខេត្ត ស្លាកសញ្ញាបង្ហាញផ្លូវ ទីកន្លែងផ្សេងៗ សម្រាប់ជនបរទេសអាននិងស្គាល់ ព្រោះគេមិនចេះអានអក្សរខ្មែរ។ លើសពីនេះ យើងក៏ត្រូវប្រើអក្សរខ្មែរដើម្បីកត់សូរពាក្យកម្ចីពីបរទេស ជាពិសេសឈ្មោះ ប្រទេស ឈ្មោះតំបន់នានាលើពិភពលោកជាដើម ដើម្បីឱ្យខ្មែរបានស្គាល់។

 សិក្ខាសាលានេះមានវាគ្មិន៥នាក់ និងមានអ្នកចូលរួមចំនួន២០៥អង្គ/នាក់។ វាគ្មិនទាំង៥នាក់ បានចែករំលែកចំណេះដឹង បទពិសោធន៍ និងគោលគំនិតរបស់ខ្លួនទាក់ទងនឹងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងនិងការកត់សូរភាសាបរទេសជាអក្សរខ្មែរ ដែលក្នុងនោះមាន៖

១- លោក ចែម វត្ថុ បង្ហាញអំពីការកត់សម្គាល់អំពីអក្ខរវិធីសំណងរូបនិងអក្ខរវិធីសំណងសូរ
  តាមរយៈប្រធានបទនេះ លោកបានបង្ហាញដល់អង្គសិក្ខាសាលាអំពីប្រព័ន្ធសំណេរនៃភាសា ប្រព័ន្ធសំណេរនៃភាសាខ្មែរ រ៉ូម៉ាំងនីយកម្មភាសាខ្មែរ អក្ខរវិធីសំណងរូបភាសាខ្មែរ។ លោកក៏បានកត់សម្គាល់អំពីអក្ខរវិធីសំណងរូប អក្ខរវិធីសំណងសូរ និងប្រព័ន្ធ IPA ជាការពិចារណានិងដំណោះស្រាយចំពោះការប្រើតួអក្សរនិងសញ្ញារបស់រ៉ូមាំងសម្រាប់ភាសាខ្មែរផងដែរ។

២- លោក ឃឹម វិច្ឆិកា បង្ហាញអំពីការកត់សូរភាសាបារាំងនិងអង់គ្លេសជាអក្សរខ្មែរនៅក្នុងវចនានុក្រមពុទ្ធសាសនាបណ្ឌិត្យ បោះពុម្ពគ្រាទី៥ ឆ្នាំ១៩៦៧-៦៨
 តាមរយៈប្រធានបទនេះ លោកបានបង្ហាញដល់អង្គសិក្ខាសាលាថា ក្នុងវចនានុក្រមខ្មែរនេះ យើងឃើញមានពាក្យកម្ចីពីភាសាបារាំង ភាសាអង់គ្លេស ដែលក្នុងនោះពាក្យកម្ចីតែមួយ តែសំណេរជាភាសាខ្មែរមានសំណេរមួយបែប សំណេរពីរបែប និងសំណេរបីបែប ដែលសំណេរទាំងបីបែបនេះទាក់ទងទៅនឹងទំនោរនៃការសរសេរដោយផ្អែកលើជាតិសព្ទ សូរសព្ទ និង បែបខ្មែរនីយកម្ម។

៣- ឯកឧត្តម សូ មុយឃៀង បង្ហាញអំពីព្យញ្ជនៈឡាតាំងនិងព្យញ្ជនៈខ្មែរ ស្រង់ចេញពីនាម អសាធារណ៍បរទេសនិងខ្មែរ
 តាមរយៈប្រធានបទនេះ ឯកឧត្តមបានប្រៀបធៀបរវាងព្យញ្ជនៈឡាតាំងនិងព្យញ្ជនៈខ្មែរ ដែលអាចចែកការប្រៀបធៀបជាព្យញ្ជនៈដើមព្យាង្គនិងព្យញ្ជនៈចុងព្យាង្គ។

៤- ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ បង្ហាញអំពីឡាតាំងខ្មែរ
 តាមរយៈប្រធានបទនេះ ឯកឧត្តមបានលើកយកប្រព័ន្ធកត់ត្រាសូរតាមអក្ខរសូរអន្តរជាតិ(API) អក្ខររូបអន្តរជាតិ និងការកត់ត្រាដោយអក្សរឡាតាំងមកបង្ហាញ។ ការកត់ត្រាដោយអក្សរឡាតាំង លោកបានកំណត់ ថាជាប្រព័ន្ធកត់ត្រាសូរឡាតាំងខ្មែរ ដែលយកព្យញ្ជនៈខ្មែរមកកត់ត្រាពាក្យបរទសតាមសូរអាន ដោយរៀបរយសមស្របតាមប្រដាប់បន្លឺសំឡេងនៃជនជាតិខ្មែរ និងគោរពតាមមូលភេទ អ អ៊ ផងដែរ។

៥- ឯកឧត្តមបណ្ឌិត ប៊ី សុខគង់ បង្ហាញអំពីការកត់សូរព្យញ្ជនៈនិងសូរស្រៈខ្មែរជាអក្សរឡាតាំង តាមគោលគំនិតរបស់គណៈកម្មការបង្កើតពាក្យនិងកម្ចីពាក្យ
 តាមរយៈប្រធានបទនេះ ឯកឧត្តមបណ្ឌិតបានលើកយកការប្រើអក្សរឡាតាំងកត់សូរព្យញ្ជនៈនិងសូរស្រៈ ដែលគណៈកម្មការបង្កើតពាក្យនិងកម្ចីពាក្យបានកំណត់ ដោយសង្កេតថាការយកអក្សរឡាតាំងកត់សូរព្យញ្ជនៈខ្មែរ សំណេរជាឡាតាំង១បែប កត់សូរព្យញ្ជនៈខ្មែរតែ១ និងការប្រើអក្សរឡាតាំងកត់សូរ ស្រៈខ្មែរ សំណេរជាឡាតាំង ១បែប កត់សូរស្រៈខ្មែរបានច្រើនករណី។

រូបភាព